គម្រោងធ្វើឲ្យសេវាសុខភាពកាន់តែប្រសើរ (BHS)
អ្វីជាគម្រោង BHS
គម្រោង BHS គឺជាគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដែលទទួលបានមូលនិធិពី USAID ហើយចាប់ផ្តើមអនុវត្តនៅខែមករា ឆ្នាំ២០០៩ រហូតដល់ ខែ​ធ្នូ ឆ្នាំ២០១៣។ គម្រោងនេះ ត្រូវបាន​អនុវត្តដោយអង្គការ URC ហើយមុននឹងមានគម្រោង BHS នេះ អង្គការ​ក៏​បាន​អនុវត្ត​រួច​មក​ហើយ​នូវ​គម្រោង​មួយ​ឈ្មោះ​ថា គម្រោង​ពង្រឹង​ប្រព័ន្ធសុខាភិបាល​របស់ USAID នៅ​កម្ពុជា។ គោល​ដៅ​របស់គម្រោង BHS មាន​ទិស​ដៅ​ស្រប​គ្នា​ជាមួយ​នឹង​បេសកកម្ម​របស់​ក្រសួង​សុខាភិបាល ដូច​ដែល​មាន​ចែង​នៅក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​សុខាភិបាល​កម្ពុជា សម្រាប់​ឆ្នាំ ២០០៨-២០១៥ (​ហៅ​កាត់​ផែន​ការ HSP2) ថា “ដើម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល​ទាំងមូល និង​ដើម្បី​ធានា​ឲ្យ​បាន​នូវបរិយាកាស ដែល​មាន​លក្ខណៈអំណោយ​ផល​សម្រាប់​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​តម្រូវការ និង​សមភាព​នៃ​ការ​ទទួល​បាន​នូវ​សេវា​សុខភាព​ប្រកប​ដោយ​គុណ​ភាព ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​គ្រប់​រូប​ក្នុង​ប្រទេស​កម្ពុជា មាន​លទ្ធភាព​ទទួល​បាន​សុខភាព និង​សុខមាលភាព​ក្នុង​កម្រិត​ខ្ពស់​បំផុត”។ គម្រោង BHS ធ្វើ​ការ​ងារ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​រួម​មួយ​នេះ តាម​រយៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នានា ដែល​មាន​គោល​បំណង​លើក​កំពស់​គុណ​ភាព​ការ​ថែទាំ ដែល​ផ្តល់​ឲ្យ​ដោយ​សេវា​សុខភាព​សាធារណៈ បង្កើន​ការ​ប្រើប្រាស់ និង​តម្រូវ​ការ​លើ​សេវា​ទាំង​នេះ ខណៈ​ដែល​រក្សា​គោល​ដៅ​ជួយ​ជន​ក្រីក្រ របស់​ក្រសួង​សុខា​ភិបាល ព្រម​ទាំង​គាំ​ទ្រ​ដល់​កិច្ច​ប្រឹង​ប្រែង​ដែល​កំពុង​កើត​មាន និង​កិច្ច​ប្រឹង​ប្រែង​ថ្មីៗ ​ក្នុង​ការ​កែ​ទម្រង់​ផ្នែក​សុខា​ភិ​បាល សម្តៅ​បំ​ណង​បង្កើន​តម្លា​ភាព និង​ភាព​ទទួល​ខុស​ត្រូវ​នៃ​សេវា​សុខាភិបាល តាម​រយៈ​រចនាសម្ព័ន្ធ​ដែល​បាន​ព្រម​ព្រៀង​ក្នុង​កិច្ចសន្យា និង​មាន​លក្ខណៈ​អនុវត្ត​តាម​បែប​វិមជ្ឈការ ។
តំបន់អនុវត្តសកម្មភាពរបស់គម្រោង
គម្រោង​នេះ​ធ្វើ​សកម្មភាព​នៅ​ថ្នាក់​ជាតិ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​ខេត្ត​ចំនួន ១១ ក្នុង​ចំណោម​ខេត្ត/ក្រុង​ទាំង​២៤  លើ​ផ្ទៃ​ប្រទេស​ដែល USAID ផ្តោត​ការ​គាំ​ទ្រ​របស់​ខ្លួន។

ចំណុចផ្តោតនៃការអនុវត្តសកម្មភាពរបស់គម្រោង
គោលដៅ​រួម​របស់​គម្រោងBHS គឺ​លើក​កំពស់​គុណភាព​សេវា​ថែទាំ និង​ការ​ប្រើប្រាស់​គ្រឹះស្ថាន សុខភាព​សាធារណៈ​នៅ​កម្ពុជា ដោយ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​បង្កើន​សមភាព​នៃ​ការ​ទទួល​បាន​សេវា​សម្រាប់​ពល​រដ្ឋ​ក្រីក្រ។ គម្រោង​នេះ​សង្កត់​ធ្ងន់​ទៅ​លើ:
  • ការផ្តល់ហិរញ្ញប្បទានផ្នែកសុខាភិបាល និងសុខភាពសហគមន៍
  • ប្រព័ន្ធព័ត៌មានសុខាភិបាល 
  • ការកែលម្អមន្ទីរពេទ្យ 
  • សុខភាពមាតា និងទារក 
  • មេរោគអេដស៍/ជំងឺអេដស៍ 
  • ការតាមដាន និងវាយតម្លៃ 
  • ទំនាក់ទំនងផ្លាស់ប្តូរការប្រព្រឹត្ត
  • គាំទ្រដល់កិច្ចប្រឹងប្រែងនានាក្នុងការកែទម្រង់ប្រព័ន្ធសុខាភិបាលដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា   
វិធីសាស្ត្រអនុវត្តសកម្មភាពរបស់គម្រោង
គម្រោង BHS ប្រើប្រាស់ និងបន្តវិវឌ្ឍន៍ទៅមុខដោយផ្អែកលើធនធាន និងជំនាញដែលមានស្រាប់​របស់រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​កម្រិត​ប្រតិបត្តិ និង​កម្រិត​ផ្តល់សេវា។ គម្រោង BHS ក៏​សហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​នាយកដ្ឋាន​ជាច្រើន​របស់​ក្រសួង​សុខាភិបាល រួម​ទាំង​នាយកដ្ឋានផែនការ និង​ព័ត៌​មាន​សុខា​ភិបាល (DPHI) នាយក​ដ្ឋាន​មន្ទីរពេទ្យ (និងការិយាល័យ​ធានា​គុណ​ភាព) មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC)  មជ្ឈម​ណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ (NCHADS) មជ្ឈម​ណ្ឌល​ជាតិ​គ្រប់​គ្រង​ជំងឺ​របេង និង​ហង់សិន (CENAT) នា​យក​ដ្ឋាន​គ្រប់​គ្រង​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល (CDC/MOH) ព្រម​ទាំង​បណ្តា​មន្ទីរសុខាភិបាលខេត្ត (PHDs) និង​ស្រុកប្រតិបត្តិ​នានា (ODs) ដែល​ស្ថិត​ក្នុង​បណ្តា​ខេត្ត​អាទិភាព​របស់ USAID។

គម្រោង BHS ប្រើប្រាស់ជំនាញគ្លីនិកពីមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ហើយសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន រួម​ទាំង​គម្រោង​ធំៗ​ពីរផ្សេង​ទៀត​របស់ USAID ដែល​ធ្វើ​ការ​លើ​ផ្នែក​សុខភាព​មាតា និងកុមារ មាន NGO កម្ពុជាពីរ ជាអ្នកអនុវត្ត គឺ​អង្គការ​សមាគម​សុខភាព​បន្ត​ពូជ​កម្ពុជា (RHAC) និង​អង្គការ​សម្ព័ន្ធ​សុខភាព​កុមារ និងសុខភាព​បន្តពូជ (RACHA) ព្រមទាំង​គម្រោង​ធំៗ​ដទៃ​ទៀត​របស់ USAID ផ្នែក​មេរោគអេដស៍ / ជំងឺអេដស៍  អនុវត្ត​ដោយ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI) និងអង្គការសម្ព័ន្ធ NGO ខ្មែរដើម្បីមេរោគអេដស៍ / ជំងឺអេដស៍ (KHANA) ។ ក្រៅ​ពី​នោះ គម្រោង BHS ក៏​ប្រើប្រាស់​ជំនាញ ពី​កម្មវិធី​ការងារ​ផ្នែក​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ស្ទែនហ្វត និង​សាលា​វេជ្ជសាស្ត្រ​កម្រិត​ក្រោយ​ឧត្តម​នៃ​សាកលវិទ្យាល័យ​ជាតិ​ឌូក ដើម្បី​ផ្តល់​ជំនួយ​បច្ចេកទេស​កម្រិត​ខ្ពស់​បំផុត​ដល់​កម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ៈ
លោកបណ្ឌិត Christophe Grundmann នាយកគម្រោង
តាមរយៈអាសយដ្ឋានអ៊ីមែល: cgrundmann@urc-chs.com

កែលម្អប្រព័ន្ធដើម្បីផ្តល់សិទ្ធិអំណាចដល់សហគមន៍
អង្គការយូអស៊ី (University Research Co., LLC)
អគារ ស៊ុគី អិមខេ (SUKI MK) #១០ ផ្លូវ២១៤ សង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទការិយាល័យលេខ: (៨៥៥) ២៣ ២២២ ៤២០
គេហទំព័រ: www.urccambodia.org  www.urc-chs.com
ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ
សុខភាពសហគមន៍ ព័ត៌មានវិទ្យាសុខាភិបាល កម្មវិធីកែលម្អមន្ទីរពេទ្យ សុខភាពមាតា និងទារក ទីភ្នាក់ងារប្រតិបត្តិការពិសេស